រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃទី១៨ ខែមីនា បានចាប់ផ្តើមពិភាក្សាជាមួយសមភាគីរបស់ខ្លួន គឺលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចប្រទេសចុងក្រោយរបស់លោកមកកាន់តំបន់អាស៊ីខាងកើត ដែលដុតដាមដោយការព្រួយបារម្ភផ្សេងៗទៅលើបញ្ហាកូរ៉េខាងជើង ។

កាលពីថ្ងៃទី១៧ ខែមីនា លោករដ្ឋមន្ត្រី Tillerson បានព្រមានទីក្រុងព្យុងយ៉ាងថា ការឆ្លើយតបដោយយោធាអាចជាជម្រើសមួយប្រសិនបើហ៊ានគំរាមកំហែងដល់កងទ័ពកូរ៉េខាងជើង ឬអាមេរិក ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គមថា កូរ៉េខាងជើង«បាននិងកំពុងបញ្ចេញអាកប្បកិរិយាដ៏អាក្រក់បំផុត» ។ លោកបន្ថែមទៀតថា ប្រទេសចិន សម្ពន្ធមិត្តដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាងបានធ្វើសកម្មភាពតិចតួចជួយដល់បញ្ហាទាំងនេះ ។

ទីក្រុងប៉េកាំងទំនងជាបង្ហាញឲ្យអាមេរិកឃើញពីអារម្មណ៍ខឹងសម្បារបស់ខ្លួនទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងអំឡុងពេលដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសអាមេរិកនាពេលនេះ ក៏ដូចការប្រឆាំងជំទាស់អាមេរិក​ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ THAAD នៅលើទឹកដីកូរ៉េខាងត្បូងផងដែរ ។

អាមេរិកបានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ ដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើងតែប៉ុណ្ណោះ មិនមានគោលដៅអ្វីផ្សេងក្រៅពីនេះទេ ហើយចិននៅតែមិនជឿ ដោយអះអាងថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ននេះ មិនសមគួរណាបើត្រូវបានគេដាក់ពង្រាយប្រព័ន្ធមីស៊ីលធុនទំនើបនោះទេ ។

រដ្ឋមន្ត្រីក្រសួងការបរទេស Tillerson ដែលអតីតជាប្រធានក្រុមហ៊ុនប្រេងនោះ មិនធ្លាប់មានបទពិសោធន៍ការទូតនោះឡើយ ហើយតាមគម្រោងនៅថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០១៧ លោកជួបមន្ត្រីការទូតជាន់ខ្ពស់ចិនរហូតដល់២នាក់ គឺជួបជាមួយលោក Wang Yi នៅថ្ងៃសៅរ៍ និងជួបលោកប្រធានាធិបតីចិន Xi Jingpin នៅថ្ងៃអាទិត្យ ។

នៅក្នុងខែមេសា ខាងមុខនេះដែរ លោក ស៊ី ជីងពីន មានគម្រោងធ្វើទស្សនកិច្ចទៅកាន់អាមេរិកដើម្បីជួបជាមួយលោកដូណាល់ ត្រាំ ផងដែរ ។

ក្រុមអ្នកសង្កេតការណ៍ខ្លះបានអត្ថាធិប្បាយថា លោក Tillerson ទំនងទម្លាក់ចោលការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរដូចដែលធ្លាប់មាននាពេលកន្លងមក មុនពេលជំនួបពេលនេះបានកើតឡើង ។ ប៉ុន្តែទោះយ៉ាងណាមន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា លោក Tillerson ទំនងសង្កត់ធ្ងន់បន្ថែមទៀតដល់ក្រុមហ៊ុន ឬធនាគារចិនដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឲ្យដាក់គំនាបបន្ថែមទៀតទៅលើប្រទេសនេះតាមគោលការណ៍ទណ្ឌកម្មសេដ្ឋកិច្ចដំណាក់កាលទី២ ។

កូរ៉េខាងជើង កាលពីសប្តាហ៍កន្លង បានបាញ់មីស៊ីល៤គ្រាប់ ហើយបាននិងកំពុងអភិវឌ្ឍន៍ក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើកាំជ្រួចមីស៊ីលអាចបាញ់ដល់ទឹកដីអាមេរិក ៕

Leave a Reply

Your email address will not be published. Required fields are marked *