ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង២៣:៣០នាទីយប់ ស្ថិតនៅគល់ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កុលវិចិត្រ អាយុ២៧ឆ្នាំមុខរបរនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ របោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយជិះម៉ូតូម៉ាកលែត ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA 6442។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនស្រាប់តែមកដល់កន្លែងកើតហេតុបានបុកឃឿនចិញ្ចើមថ្នល់បណ្តាលឲ្យដួលម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង។ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានចុះមកដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។ចំណែកម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕សារ៉េត