ជនសង្ស័យ៤នាក់ស្ទាក់បាញ់សម្លាប់ ប្តី​និងប្រពន្ធ ពេលជិះរថយន្តពីរោងចក្រកៅស៊ូក្រែប ជប៉ុន

កំពងធំ៖ ប្តី-ប្រពន្ធពីរនាក់ ត្រូវឃាតកមិនស្គាល់មុខ បាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម ខណៈដែលពួកគាត់ កំពុងជិះរថយន្តចេញពីរោងចក្រ សំដៅទៅផ្ទះ កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទួល ស្រឡៅ ស្ថិតក្នុងភូមិដងក្ដាម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះទាំង ២នាក់ ទី១. ឈ្នោះ សឿង ប្រុញ អាយុ៤១ឆ្នាំ (ប្ដី) និងទី២. ឈ្មោះ លី ចាន់ធឿន អាយុ៣៨ឆ្នាំ (ប្រពន្ធ) ពីមុនរស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នបានផ្លាស់ប្តូររស់នៅតំបន់អូសាជូ ភូមិដងក្តា ឃុំក្រយា បច្ចុប្បន្ន ត្រូវបានសាច់ញាតិកំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណី ។ចំណែកឃាតកត្រូវបានគេកំណត់អត្តសញ្ញាណមានគ្នា ៤នាក់ ហើយ ពេលនេះ សមត្ថកិច្ចកំពុងបន្តចំណាត់ការ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខកំពង់ចាម 2B-5444 ចេញពីរោងចក្រកៅស៊ូក្រែប ជប៉ុន នៅចំណុចអូសាជូ ដោយប្រពន្ធជាអ្នកបើក ហើយមានកូនប្រុសម្នាក់ អាយុ១២ឆ្នាំ និងក្មួយស្រីម្នាក់ អាយុ១៥ឆ្នាំ ធ្វើដំណើរជាមួយ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំភ្លើងក្នុងដៃ បានស្កាត់ផ្លូវនិងឃាត់រថយន្ត ពេលនោះក្រុមឃាតក ក៏បានបាញ់រះមកលើជនរងគ្រោះយ៉ាងសន្ធាប់ បណ្តាលឲ្យប្ដីប្រពន្ធទាំង ២នាក់ស្លាប់មួយរំពេច​ នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា ដោយឡែកកូន និងក្មួយមិនរងរបួសនោះទេ ប៉ុន្តែត្រូវបានជនសង្ស័យគំរាម បន្ទាប់មកពួកគេក៏បានគេចខ្លួនបាត់ ។

បើតាមប្រភពព័ត៌មាន ជំហានដំបូងគេសង្ស័យថា ជាករណីប្លន់ លុះពេលសួរនាំ និងពិនិត្យនៅកន្លែងកើតហេតុរួច ទើបសមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *